9. អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ?
10. ហើយកាលខ្ញុំចែកនំប៉័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?
11. ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំប៉័ងទេ គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ឯណោះ»។
12. ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
13. កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារា-ភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស*ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។
14. គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។
15. ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។
16. លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។
17. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។
18. ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ*របស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ
19. ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ*នៃស្ថានបរមសុខឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយភនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។
20. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស*មិនឲ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ដ*ឡើយ។