ម៉ាថាយ 16:5-18 Khmer Standard Version (KHSV)

5. ពេល​ឆ្លង​ទៅ​ត្រើយ​ម្ខាង ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ទៅ​ជា​មួយ

6. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី* និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឲ្យ​មែន​ទែន»។

7. ពួក​សិស្ស​ជជែក​គ្នា​ថា៖ «យើង​មិន​បាន​យក​នំប៉័ង​មក​ទេ!»។

8. ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ដូច្នេះ?

9. អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ? កាល​ខ្ញុំ​ចែក​នំប៉័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់​នោះ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ល្អី អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ?

10. ហើយ​កាល​ខ្ញុំ​ចែក​នំប៉័ង​ប្រាំ‌ពីរ​ដុំ​ឲ្យ​មនុស្ស​បួន‌ពាន់​នាក់ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល?

11. ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំប៉័ង​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឯ‌ណោះ»។

12. ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះ‌អង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។

13. កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់​ស្រុក​សេសារា-ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស*​ថា៖ «មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?»។

14. គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។

15. ព្រះ‌អង្គ​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។

16. លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះ​មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​បាន​សម្តែង​ឲ្យ​អ្នក​ដឹង។

18. ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំនុំ*​របស់​ខ្ញុំ។ មច្ចុរាជពុំ​មាន​អំណាច​លើ​ក្រុម‌ជំនុំ​នេះ​បាន​ឡើយ

ម៉ាថាយ 16