ម៉ាថាយ 16:18-28 Khmer Standard Version (KHSV)

18. ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំនុំ*​របស់​ខ្ញុំ។ មច្ចុរាជពុំ​មាន​អំណាច​លើ​ក្រុម‌ជំនុំ​នេះ​បាន​ឡើយ

19. ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចងនៅ​លើ​ផែន‌ដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយភនៅ​លើ​ផែន‌ដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ»។

20. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហាម​ពួក​សិស្ស*​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រិស្ដ*​ឡើយ។

21. តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា ព្រះ‌អង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​នឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះ‌អង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះ‌អង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

22. លោក​ពេត្រុស*​នាំ​ព្រះ‌យេស៊ូ​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌ជាម្ចាស់​មេត្តា​អាណិត កុំ​ឲ្យ​ការណ៍​នេះ​កើត​មាន​ដល់​ព្រះ‌អង្គ​ឡើយ»។

23. ព្រះ‌យេស៊ូ​បែរ​មក​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «នែ៎ មារ*​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធ‌សាធ»។

24. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ

25. ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។

26. បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

27. លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរី‌រុងរឿង ព្រះ‌បិតា​របស់​ព្រះ‌អង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

28. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រ​មនុស្ស​យាង​មក​គ្រង​ព្រះ‌រាជ្យ*»។

ម៉ាថាយ 16