17. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។
18. ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ*របស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ
19. ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ*នៃស្ថានបរមសុខឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយភនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។
20. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស*មិនឲ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ដ*ឡើយ។
21. តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*នឹងនាំគ្នាធ្វើបាបព្រះអង្គឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។
22. លោកពេត្រុស*នាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំឲ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។
23. ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ៎ មារ*សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។
24. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
25. ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។
26. បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
27. លុះដល់បុត្រមនុស្ស*ប្រកបដោយសិរីរុងរឿង ព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
28. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ*»។