1. ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំឲ្យព្រះអង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។
2. ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «[នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។
3. នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!]
4. មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះអង្គមិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។
5. ពេលឆ្លងទៅត្រើយម្ខាង ពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ
6. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ី*ឲ្យមែនទែន»។
7. ពួកសិស្សជជែកគ្នាថា៖ «យើងមិនបានយកនំប៉័ងមកទេ!»។
8. ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ?
9. អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ?
10. ហើយកាលខ្ញុំចែកនំប៉័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?
11. ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំប៉័ងទេ គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ឯណោះ»។
12. ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
13. កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារា-ភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស*ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។