27. នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។
28. ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឲ្យបានសម្រេចតាមចិត្តនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
29. ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ
30. មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឲ្យបានជាទាំងអស់គ្នា។
31. ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។
32. ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។
33. ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។
34. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។
35. ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី
36. ទ្រង់យកនំប៉័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។