1. មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូហើយទូលថា៖
2. «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។
3. ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ?
4. ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។
5. រីឯអ្នករាល់គ្នាវិញ បែរជាពោលថា: បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ”
6. អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្តតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។
7. មនុស្សមានពុតអើយ ពាក្យដែលព្យាការី*អេសាយថ្លែងទុកអំពីអ្នករាល់គ្នាត្រូវណាស់គឺ:
8. “ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ រីឯចិត្តគេនៅឆ្ងាយពីយើង។
9. គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ”។
10. បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា
11. អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។
12. ពេលនោះ សិស្ស*នាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី*ទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។
13. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ* នឹងដករុក្ខជាតិទាំងឡាយណាដែលព្រះអង្គមិនបានដាំ។
14. កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។