6. នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តយ៉ាងខ្លាំង
7. រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានឲ្យទាំងអស់។
8. នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់!»។
9. ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាង
10. គឺចាត់ទាហានឲ្យទៅកាត់កលោកយ៉ូហាន
11. យកក្បាលដាក់លើថាសមួយប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។
12. ពួកសិស្សរបស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។
13. កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស* ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមព្រះអង្គ។
14. កាលព្រះយេស៊ូយាងឡើងពីទូក ទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ហើយទ្រង់ក៏ប្រោសអ្នកជំងឺឲ្យជា។
15. ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។
16. ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់ឲ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។
17. សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។
18. ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំប៉័ង និងត្រីនោះមកឲ្យខ្ញុំ»។