19. បន្ទាប់មក ព្រះអង្គប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ព្រះអង្គយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។
20. អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំប៉័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
21. អស់អ្នកដែលបានបរិភោគនំប៉័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។
22. រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
23. កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។
24. ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។
25. ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។
26. កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។
27. រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
28. លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។
29. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។
30. ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។
31. ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្តដូច្នេះ?»។
32. បន្ទាប់មក ព្រះអង្គ និងលោកពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។