16. ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់ឲ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។
17. សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។
18. ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំប៉័ង និងត្រីនោះមកឲ្យខ្ញុំ»។
19. បន្ទាប់មក ព្រះអង្គប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ព្រះអង្គយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។
20. អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំប៉័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
21. អស់អ្នកដែលបានបរិភោគនំប៉័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។
22. រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
23. កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។
24. ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។
25. ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។
26. កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។
27. រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។
28. លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។