43. រីឯអ្នកសុចរិត*វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
44. «ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។
45. ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។
46. កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។
47. «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។
48. ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។
49. នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា*នាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត
50. រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើង ដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។
51. តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។
52. ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ* ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។
53. កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ
54. ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?
55. អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ!
56. ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្ដីទាំងនេះពីណាមក?»។
57. ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។
58. នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។