ម៉ាថាយ 13:26-36 Khmer Standard Version (KHSV)

26. ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។

27. ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា: “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។

28. ម្ចាស់​តប​វិញ​ថា: “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា: “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។

29. ម្ចាស់​តប​ថា: “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ

30. ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។

31. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។

32. គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។

33. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំប៉័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ ទៅ​កាន់​មហា‌ជន​ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះ‌អង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ

35. ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ព្យាការី*​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង»។

36. ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យ​យើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។

ម៉ាថាយ 13