ម៉ាថាយ 13:19-31 Khmer Standard Version (KHSV)

19. អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ* តែ​មិន​យល់ ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះ‌បន្ទូល​ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។

20. រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ

21. ប៉ុន្តែ គេ​ពុំ​បាន​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។

22. អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ប៉ុន្តែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។

23. រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជី‌ជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ​យល់ គេ​បង្ក​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប»។

24. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។

25. ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់​បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។

26. ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។

27. ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា: “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។

28. ម្ចាស់​តប​វិញ​ថា: “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា: “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។

29. ម្ចាស់​តប​ថា: “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ

30. ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។

31. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។

ម៉ាថាយ 13