12. អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឲ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។
13. ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ
14. ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលព្យាការី*អេសាយថ្លែងទុកអំពីពួកគេថា៖ “អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ
15. ដ្បិតចិត្តប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែកមិនឲ្យមើលឃើញ មិនឲ្យត្រចៀកស្ដាប់ឮ មិនឲ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឲ្យបានជា” ។
16. រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!
17. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិត*ជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។
18. ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ:
19. អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ* តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។
20. រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ
21. ប៉ុន្តែ គេពុំបានទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។
22. អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលបានឡើយ។