ម៉ាថាយ 13:1-15 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។

2. មាន​មហា‌ជន​ច្រើន​កុះ‌ករ មក​ចោម‌រោម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។

3. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖«មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។

4. ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។

5. មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។

6. លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។

7. គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​ឲ្យ​ដុះ​ឡើយ។

8. គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។

9. អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

10. ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។

11. ព្រះ‌អង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះ‌អង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។

12. អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

13. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ

14. ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖ “អ្នក​រាល់​គ្នា​ស្ដាប់​មែន តែ​ពុំ​ឮ​ទេ ហើយ​ក៏​ពុំ​យល់​ផង។ អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ

15. ដ្បិត​ចិត្ត​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា” ។

ម៉ាថាយ 13