ម៉ាថាយ 12:33-45 Khmer Standard Version (KHSV)

33. «បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។

34. នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។

35. មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។

36. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ

37. ដ្បិត​អ្នក​នឹង​បាន​សុចរិត​ដោយ‌សារ​ពាក្យ​សម្ដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​អ្នក​ដែរ»។

38. នៅ​ពេល​នោះ មាន​ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ខ្លះ ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​លោក​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។

39. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះ‌ជាម្ចាស់​ផង។ គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។

40. លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។

41. នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ​ឮ​សេចក្ដី​លោក​យ៉ូណាស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ត​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។

42. នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រី​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែន‌ដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។

43. «កាល​បើ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ

44. វា​មុខ​ជា​និយាយ​ថា“អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​ល្អ

45. វា​នឹង​ចេញ​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។

ម៉ាថាយ 12