33. «បើដើមល្អ ផ្លែក៏ល្អ តែបើដើមអាក្រក់វិញ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើតាមផ្លែរបស់វា។
34. នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន។
35. មនុស្សល្អតែងប្រព្រឹត្តល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
36. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសម្ដីឥតប្រយោជន៍ ដែលគេបាននិយាយ
37. ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសម្ដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសម្ដីរបស់អ្នកដែរ»។
38. នៅពេលនោះ មានពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*ខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយឲ្យយើងខ្ញុំឃើញផង!»។
39. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។
40. លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។