26. បើមារ*សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។
27. ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។
28. ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។
29. ម្យ៉ាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់ឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។
30. អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។
31. ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្តអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសឲ្យបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញ ព្រះអង្គនឹងមិនលើកលែងទោសឲ្យឡើយ។
32. បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស* ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ទោះបីនៅក្នុងលោកនេះ ឬនៅបរលោកក្ដី ក៏ព្រះអង្គមិនលើកលែងទោសឲ្យដែរ»។
33. «បើដើមល្អ ផ្លែក៏ល្អ តែបើដើមអាក្រក់វិញ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើតាមផ្លែរបស់វា។