ម៉ាថាយ 12:21-31 Khmer Standard Version (KHSV)

21. ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា សង្ឃឹម​លើ​លោក» ។

22. ពេល​នោះ មាន​គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​មក​គាល់​ព្រះ‌អង្គ។ អារក្ស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ ព្រះ‌អង្គ​ប្រោស​គាត់​ឲ្យ​ជា គាត់​ក៏​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។

23. មហា‌ជន​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន!»។

24. ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី*​ពោល​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។

25. ព្រះ‌អង្គ​ឈ្វេង​យល់​គំនិត​របស់​គេ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​បាន​ដែរ។

26. បើ​មារ*​សាតាំង​បណ្ដេញ​មារ​សាតាំង ហើយ​វា​បាក់​បែក​ទាស់‌ទែង​នឹង​ខ្លួន​វា ធ្វើ​ម្ដេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​បាន!។

27. ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​អាង​លើ​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ពុំ‌ខាន។

28. ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

29. ម្យ៉ាង​ទៀត ពុំ​មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​ឡើយ លុះ​ត្រា​ណា​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។

30. អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់‌កំចាយ។

31. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន​ទាំង​អស់ តែ​បើ​គេ​ប្រមាថ​ព្រះ‌វិញ្ញាណ​វិញ ព្រះ‌អង្គ​នឹង​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។

ម៉ាថាយ 12