17. ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*អេសាយថា៖
18. «លោកនេះហើយជាអ្នកបម្រើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឲ្យចិត្តយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង ឲ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឲ្យជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។
19. លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅ តាមទីផ្សារទេ។
20. លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង រលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតឲ្យមានជ័យជំនះ។
21. ជាតិសាសន៍ទាំងអស់នឹងនាំគ្នា សង្ឃឹមលើលោក» ។
22. ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើឲ្យគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់ឲ្យជា គាត់ក៏និយាយបាន និងមើលឃើញទៀតផង។
23. មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។
24. ប៉ុន្តែ ពួកខាងគណៈផារីស៊ី*ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចឲ្យប៉ុណ្ណោះ»។
25. ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខាន រីឯក្រុង ឬក្រុមគ្រួសារណាបាក់បែកទាស់ទែងគ្នាឯង ក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។
26. បើមារ*សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។
27. ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។