14. ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។
15. កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា
16. តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ
17. ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*អេសាយថា៖
18. «លោកនេះហើយជាអ្នកបម្រើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឲ្យចិត្តយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង ឲ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឲ្យជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។
19. លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅ តាមទីផ្សារទេ។
20. លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង រលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតឲ្យមានជ័យជំនះ។
21. ជាតិសាសន៍ទាំងអស់នឹងនាំគ្នា សង្ឃឹមលើលោក» ។
22. ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើឲ្យគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់ឲ្យជា គាត់ក៏និយាយបាន និងមើលឃើញទៀតផង។
23. មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។
24. ប៉ុន្តែ ពួកខាងគណៈផារីស៊ី*ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចឲ្យប៉ុណ្ណោះ»។
25. ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខាន រីឯក្រុង ឬក្រុមគ្រួសារណាបាក់បែកទាស់ទែងគ្នាឯង ក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។
26. បើមារ*សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។
27. ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។
28. ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។
29. ម្យ៉ាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់ឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។
30. អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។