ម៉ាថាយ 12:10-21 Khmer Standard Version (KHSV)

10. មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​បាន​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?

12. រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។

13. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។

14. ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។

15. កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះ‌អង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ​ទៅ​ដែរ។ ព្រះ‌អង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា

16. តែ​ព្រះ‌អង្គ​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះ‌អង្គ​ជា​នរណា​ឡើយ

17. ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​អេសាយ​ថា៖

18. «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង ឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។

19. លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ តាម​ទី‌ផ្សារ​ទេ។

20. លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល ទក់​ហើយ​នោះ​ឡើយ ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង រលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជំនះ។

21. ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា សង្ឃឹម​លើ​លោក» ។

ម៉ាថាយ 12