ម៉ាថាយ 12:1-12 Khmer Standard Version (KHSV)

1. មាន​គ្រា​មួយ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ នៅ​ថ្ងៃ​សប្ប័ទ* សិស្ស*​របស់​ព្រះ‌អង្គ​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។

2. ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ ទូល​ព្រះ‌អង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។

3. ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន

4. គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​គម្ពីរ‌វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​បរិភោគ​នំប៉័ង​នេះ​បាន រីឯ​ព្រះ‌រាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?

5. ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌វិហារ* សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យ‌វិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គម្ពីរ‌វិន័យ​នោះ​ទេ?

6. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌វិហារ​ទៅ​ទៀត។

7. ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ

8. ដ្បិត​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*»។

9. ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ។

10. មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​បាន​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?

12. រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។

ម៉ាថាយ 12