4. ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឮ និងបានឃើញនេះទៅ
5. គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
6. អ្នកណាមិនរវាតចិត្តចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។
7. ពេលពួកសិស្សរបស់លោកយ៉ូហានចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?
8. តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។
9. បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត
10. ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ”។
11. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។
12. តាំងពីជំនាន់លោកយ៉ូហានបាទីស្ដមកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។
13. តាំងពីដើមរហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ*ក៏មានចែងទុកដែរ។
14. ជឿខ្ញុំចុះ លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីយ៉ាដែលត្រូវមក។