12. តាំងពីជំនាន់លោកយ៉ូហានបាទីស្ដមកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។
13. តាំងពីដើមរហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ*ក៏មានចែងទុកដែរ។
14. ជឿខ្ញុំចុះ លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីយ៉ាដែលត្រូវមក។
15. អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាទៅ!
16. តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថា:
17. “យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូត្របទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ”។
18. យ៉ាងណាមិញ លោកយ៉ូហានបានមក លោកតមអាហារ តមសុរា តែគេថាលោកមានអារក្សចូល
19. រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ប៉ុន្តែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។
20. ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសម្តែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិតសោះ៖