10. ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។
11. ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឲ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។
12. ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរអ្នកផ្ទះនោះ
13. ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។
14. បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។
15. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។
16. «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។