ម៉ាកុស 9:8-23 Khmer Standard Version (KHSV)

8. រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​គង់​ជា​មួយ​គេ។

9. ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី ទ្រង់​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។

10. អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​សាក‌សួរ​គ្នា​ថា៖ «តើ​“រស់​ឡើង​វិញ” មាន​ន័យ​ដូច​ម្ដេច?»។

11. បន្ទាប់​មក គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។

12. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀប‌ចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា បុត្រ​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង​ដូច្នេះ?

13. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។

14. ព្រះ‌យេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ ទ្រង់​ទត​ឃើញ​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ឈរ​នៅ​ជុំ‌វិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​អាចារ្យ*​ជជែក​ជា​មួយ​គេ​ផង។

15. កាល​បណ្ដា‌ជន​ឃើញ​ព្រះ‌យេស៊ូ គេ​ស្រឡាំង‌កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

16. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​គេ​អំពី​រឿង​អ្វី?»។

17. ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ ដ្បិត​វា​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គ​និយាយ​ពុំ​រួច។

18. នៅ​ទី​ណា​ក៏​ដោយ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។

20. គេ​ក៏​នាំ​វា​ចូល​មក​ជិត​ព្រះ‌យេស៊ូ។ កាល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះ‌អង្គ វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់‌ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។

21. ព្រះ‌យេស៊ូ​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។

22. វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​លោក​អាច​ជួយ​បាន” ដូច្នេះ? ព្រះ‌ជាម្ចាស់​អាច​សម្រេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។

ម៉ាកុស 9