31. ព្រះអង្គបង្រៀនពួកសិស្សឲ្យដឹងថា បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។
32. ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
33. ព្រះយេស៊ូ និងពួកសិស្ស* ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។
34. ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។
35. ព្រះយេស៊ូគង់ចុះ ទ្រង់ត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។
36. បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖
37. «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
38. លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។
39. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ