3. គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។
4. ពេលនោះ សិស្សទាំងបីនាក់ឃើញព្យាការី*អេលីយ៉ា និងលោកម៉ូសេ* សន្ទនាជាមួយព្រះយេស៊ូ។
5. លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»។
6. លោកពេត្រុសមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។
7. ពេលនោះ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។
8. រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។
9. ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបី ទ្រង់ហាមប្រាមគេ មិនឲ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។
10. អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ“រស់ឡើងវិញ” មានន័យដូចម្ដេច?»។
11. បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
12. ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?
13. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។