23. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។
24. ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឲ្យខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។
25. ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។
26. វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។
27. រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។
28. កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស*ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។
29. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។
30. ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស* កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាដឹងឡើយ។
31. ព្រះអង្គបង្រៀនពួកសិស្សឲ្យដឹងថា បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។
32. ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
33. ព្រះយេស៊ូ និងពួកសិស្ស* ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។
34. ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។
35. ព្រះយេស៊ូគង់ចុះ ទ្រង់ត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។
36. បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖