11. បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។
12. ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?
13. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។
14. ព្រះយេស៊ូ និងអ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ទ្រង់ទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ*ជជែកជាមួយគេផង។
15. កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។
16. ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។
17. ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។
18. នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំប្របាទលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។
19. ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
20. គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។
21. ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។
22. វិញ្ញាណអាក្រក់ធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។
23. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។