4. ពួកសិស្សទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។
5. ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។
6. ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប៉័ងទាំងប្រាំពីរដុំមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស*ចែកបណ្ដាជន។
7. គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។
8. គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។
9. នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឲ្យវិលត្រឡប់ទៅផ្ទះវិញ។
10. ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅតំបន់ដាល់ម៉ានូថា។
11. ពួកខាងគណៈផារីស៊ី*មកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។
12. ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឲ្យគេឃើញទីសម្គាល់ណាឡើយ»។
13. បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។