33. ព្រះយេស៊ូងាកទតទៅពួកសិស្ស*ឯទៀតៗ ហើយទ្រង់មានព្រះបន្ទូលបន្ទោសលោកពេត្រុសវិញថា៖ «នែ៎! មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។
34. បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដាជន និងសិស្សរួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។
35. ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ* នឹងបានជីវិតវិញ។
36. បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី?
37. តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?