10. ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅតំបន់ដាល់ម៉ានូថា។
11. ពួកខាងគណៈផារីស៊ី*មកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។
12. ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឲ្យគេឃើញទីសម្គាល់ណាឡើយ»។
13. បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។
14. ពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ។ ក្នុងទូកគេមាននំប៉័ងតែមួយដុំប៉ុណ្ណោះ។
15. ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី* ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។
16. ពួកសិស្ស*ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំប៉័ងទេដឹង!»។
17. ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូស?
18. អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ?
19. កាលខ្ញុំកាច់នំប៉័ងប្រាំដុំ ចែកឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។
20. «ចុះកាលខ្ញុំកាច់នំប៉័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។
21. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ!»។
22. ព្រះយេស៊ូ និងពួកសិស្ស*ធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។
23. ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្ដលើគាត់ ទាំងមានព្រះបន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?»
24. បុរសនោះបើកភ្នែកឡើងទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។