9. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទបញ្ជារបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។
10. លោកម៉ូសេ*បានថ្លែងថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត”
11. រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា: “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័របាន់ ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះជាម្ចាស់)។
12. អ្នករាល់គ្នាពុំទុកឲ្យគាត់ជួយឪពុកម្ដាយឡើយ។
13. អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។
14. បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា
15. អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ*ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ [
16. អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។
17. កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្ស*នាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។
18. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ
19. ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។
20. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ
21. ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់
22. ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។
23. ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។