24. ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយ ទ្រង់ពុំចង់ឲ្យនរណាដឹងថាទ្រង់គង់នៅទីនោះឡើយ តែលាក់មិនជិត។
25. ភ្លាមនោះ ស្ត្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀបព្រះបាទារបស់ព្រះអង្គ។
26. ស្ត្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូដេញអារក្សចេញពីកូននាង។
27. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។
28. នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។
29. ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។
30. ពេលស្ត្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។
31. ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។
32. គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្ដលើគាត់។
33. ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់
34. រួចព្រះអង្គងើបព្រះភ័ក្ត្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អិបផាថា» (ប្រែថា: ចូរបើកឡើង)។
35. រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។
36. ព្រះយេស៊ូបានហាមប្រាមពួកគេ មិនឲ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។
37. មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើសុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។