ម៉ាកុស 6:40-48 Khmer Standard Version (KHSV)

40. គេ​អង្គុយ​ជា​ជួរ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់ ជួរ​ខ្លះ​មាន​ហា‌សិប​នាក់។

41. ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិ‌ភោគ ព្រះ‌អង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។

42. អ្នក​ទាំង​នោះ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា។

43. ពួក​សិស្ស*​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។

44. ក្នុង​ចំណោម​អ្នក​ដែល​បរិ‌ភោគ​នំប៉័ង មាន​ប្រុសៗ​ចំនួន​ប្រាំ​ពាន់​នាក់។

45. រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សិស្ស*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេតសៃ‌ដា​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។

46. កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ទៅ​អធិ‌ស្ឋាន​នៅ​លើ​ភ្នំ។

47. លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​ព្រះ‌យេស៊ូ​វិញ​ទ្រង់​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះ‌អង្គ​ឯង។

48. ព្រះ‌អង្គ​ទត​ឃើញ​សិស្ស​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស។

ម៉ាកុស 6