36. សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។
37. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង* ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។
38. ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។
39. ព្រះយេស៊ូបង្គាប់ពួកសិស្សឲ្យប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។
40. គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។
41. ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។
42. អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។
43. ពួកសិស្ស*ប្រមូលនំប៉័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
44. ក្នុងចំណោមអ្នកដែលបរិភោគនំប៉័ង មានប្រុសៗចំនួនប្រាំពាន់នាក់។
45. រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។
46. កាលឲ្យបណ្ដាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងទៅអធិស្ឋាននៅលើភ្នំ។