31. មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសិស្ស* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្តិចសិន»។
32. ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។
33. ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសិស្ស ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។
34. កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។
35. ពេលនោះ ថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង
36. សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។
37. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង* ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។
38. ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។
39. ព្រះយេស៊ូបង្គាប់ពួកសិស្សឲ្យប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។
40. គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។