3. តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គឡើយ។
4. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។
5. នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យជាប៉ុណ្ណោះ។
6. ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយទ្រង់បង្រៀនអ្នកស្រុក។
7. ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញលើវិញ្ញាណអាក្រក់ផង។
8. ព្រះអង្គផ្ដែផ្ដាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន
9. ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។
10. ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។
11. បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
12. ពួកសិស្សក៏ចេញទៅ ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត។