ម៉ាកុស 6:21-38 Khmer Standard Version (KHSV)

21. មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ព្រះ‌អង្គ​បាន​រៀបចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌាស។

22. បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។

23. រួច​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។

24. នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ!»។

25. នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។

26. ស្ដេច​ព្រួយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។

27. ទ្រង់​បញ្ជា​ទាហាន​ម្នាក់ ឲ្យ​ទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។

28. ទាហាន​ទៅ​គុក​កាត់ ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយ​មក​ប្រគល់​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។

29. កាល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

30. ពួក​សាវ័ក*​វិល​ត្រឡប់​មក​គាល់​ព្រះ‌យេស៊ូ​វិញ រៀប​រាប់​ទូល​ព្រះ‌អង្គ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។

31. មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស* រក​ពេល​បរិ‌ភោគ​ពុំ​បាន​សោះ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន សម្រាក​បន្តិច​សិន»។

32. ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។

33. ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​ព្រះ‌អង្គ និង​សិស្ស ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទីក្រុង​នានា​ទៅ​មុន។

34. កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក​មក ទត​ឃើញ​មហា‌ជន​ច្រើន​យ៉ាង​នេះ ទ្រង់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប‌បី​ដូច​ជា​ចៀម ដែល​គ្មាន​គង្វាល​ថែ​ទាំ។ ព្រះ‌អង្គ​ក៏​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេងៗ​ជា​ច្រើន។

35. ពេល​នោះ ថ្ងៃ​កាន់​តែ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ថ្ងៃ​ក៏​ជិត​លិច​ផង

36. សូម​ប្រាប់​អ្នក​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ ទៅ​រក​ទិញ​ម្ហូប​អាហារ​បរិ‌ភោគ​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ»។

37. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ទៅ!»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង* ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ឬ?»។

38. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ទៅ​មើល​មើល៍ អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ»។

ម៉ាកុស 6