17. ព្រះបាទហេរ៉ូដបានបញ្ជាឲ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។
18. លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។
19. ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត
20. ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត* និងជាអ្នកដ៏វិសុទ្ធ*។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហឫទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។
21. មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌាស។
22. បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឲ្យស្ដេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។
23. រួចស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។
24. នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។
25. នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។
26. ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។
27. ទ្រង់បញ្ជាទាហានម្នាក់ ឲ្យទៅយកក្បាលលោកយ៉ូហានមកភ្លាម។
28. ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយមកប្រគល់ឲ្យនាង ហើយនាងយកទៅថ្វាយមាតា។
29. កាលពួកសិស្សរបស់លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
30. ពួកសាវ័ក*វិលត្រឡប់មកគាល់ព្រះយេស៊ូវិញ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។
31. មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសិស្ស* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្តិចសិន»។
32. ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។
33. ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសិស្ស ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។