ម៉ាកុស 6:14-28 Khmer Standard Version (KHSV)

14. ព្រះ‌បាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។

15. អ្នក​ខ្លះ​ថា៖ «លោក​ជា​ព្យាការី​អេលីយ៉ា» ហើយ​ខ្លះ​ទៀត​ថា៖ «លោក​ជា​ព្យាការី*​ម្នាក់​ដូច​ព្យាការី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។

16. រីឯ​ព្រះ‌បាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។

17. ព្រះ‌បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ទ្រង់​ជឿ​តាម​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះ‌អង្គ​យក​មក​ធ្វើ​ជា​មហេសី។

18. លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។

19. ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត

20. ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏‌វិសុទ្ធ*។ ដូច្នេះ ទ្រង់​ការពារ​លោក។ កាល​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង តែ​ទ្រង់​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។

21. មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ព្រះ‌អង្គ​បាន​រៀបចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌាស។

22. បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។

23. រួច​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។

24. នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ!»។

25. នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។

26. ស្ដេច​ព្រួយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។

27. ទ្រង់​បញ្ជា​ទាហាន​ម្នាក់ ឲ្យ​ទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។

28. ទាហាន​ទៅ​គុក​កាត់ ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយ​មក​ប្រគល់​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។

ម៉ាកុស 6