33. ស្ត្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។
34. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ត ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
35. កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។
36. ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។
37. ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់។
38. កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។
39. ព្រះអង្គយាងចូលទៅក្នុងផ្ទះ មានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។
40. គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញគេឲ្យចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្ដាយក្មេង និងសិស្សទាំងបីរូប ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។
41. ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។