ម៉ាកុស 5:29-39 Khmer Standard Version (KHSV)

29. រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។

30. នៅ​ពេល​នោះ ព្រះ‌យេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ព្រះ‌អង្គ ព្រះ‌អង្គ​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។

31. ពួក​សិស្ស*​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះ‌គ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះ‌គ្រូ​ដូច្នេះ?»។

32. ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ណា​បាន​ពាល់​ព្រះ‌អង្គ។

33. ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត ហើយ​សូម​ឲ្យ​នាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។

35. កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។

36. ព្រះ‌យេស៊ូ​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។

37. ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។

38. កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។

39. ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល‌ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។

ម៉ាកុស 5