22. ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះយ៉ៃរូសមកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ
23. ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
24. ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
25. នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។
26. គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។
27. នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ
28. ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។
29. រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។
30. នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានឫទ្ធានុភាពមួយចេញពីព្រះអង្គ ព្រះអង្គបែរទៅរកបណ្ដាជន មានព្រះបន្ទូលថា៖ «អ្នកណាពាល់អាវខ្ញុំ?»។
31. ពួកសិស្ស*ទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។
32. ព្រះយេស៊ូទតមើលជុំវិញ ដើម្បីឲ្យដឹងថា អ្នកណាបានពាល់ព្រះអង្គ។
33. ស្ត្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។
34. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ត ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
35. កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។
36. ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។
37. ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់។
38. កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។