14. ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។
15. គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។
16. អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។
17. គេទូលអង្វរព្រះយេស៊ូឲ្យចាកចេញពីស្រុកភូមិរបស់គេ។
18. ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។
19. ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ទ្រង់មានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហឫទ័យអាណិតអាសូរ»។
20. បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់ឲ្យប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់ កោតស្ញប់ស្ញែងក្រៃលែង។
21. ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។
22. ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះយ៉ៃរូសមកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ
23. ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
24. ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
25. នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។
26. គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។
27. នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ
28. ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។
29. រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។
30. នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានឫទ្ធានុភាពមួយចេញពីព្រះអង្គ ព្រះអង្គបែរទៅរកបណ្ដាជន មានព្រះបន្ទូលថា៖ «អ្នកណាពាល់អាវខ្ញុំ?»។