12. វិញ្ញាណអាក្រក់ទាំងនោះអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំឲ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។
13. ព្រះយេស៊ូក៏យល់ព្រម។ វិញ្ញាណអាក្រក់ចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។
14. ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។
15. គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។
16. អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។
17. គេទូលអង្វរព្រះយេស៊ូឲ្យចាកចេញពីស្រុកភូមិរបស់គេ។
18. ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។
19. ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ទ្រង់មានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហឫទ័យអាណិតអាសូរ»។
20. បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់ឲ្យប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់ កោតស្ញប់ស្ញែងក្រៃលែង។
21. ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។
22. ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះយ៉ៃរូសមកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ
23. ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
24. ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។