1. ព្រះយេស៊ូ និងពួកសិស្ស*បានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន។
2. កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់មានវិញ្ញាណអាក្រក់ក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។
3. បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។
4. គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់ឡើយ។
5. គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។
6. កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ
7. ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី!»។
8. វិញ្ញាណអាក្រក់និយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎វិញ្ញាណអាក្រក់ ចូរចេញពីអ្នកនេះទៅ!»។
9. ព្រះយេស៊ូមានព្រះបន្ទូលទៅវិញ្ញាណអាក្រក់ថា៖ «ឯងឈ្មោះអី?» វិញ្ញាណអាក្រក់ឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។
10. វាទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះ។