ម៉ាកុស 4:27-36 Khmer Standard Version (KHSV)

27. ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ

28. ដ្បិត​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក ក៏​បែក​ជា​កួរ ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។

29. លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។

30. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា​មក​ប្រដូច​នឹង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ?

31. ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។

32. លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។

33. ព្រះ‌យេស៊ូ​តែង​ប្រកាស​ព្រះ‌បន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។

34. ព្រះ‌អង្គ​តែង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន ព្រះ‌អង្គ​បក‌ស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស*។

35. នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

36. ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

ម៉ាកុស 4